ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ

ដោយ :kcrtvonline

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះ រាល់ឧបសគ្គ សម្រេចបានសមិទ្ធផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ក្រសួងមហាផ្ទៃ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបាននូវសកម្មភាពភេរវកម្មទាំងឡាយ ទប់ស្កាត់ បាននូវឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជនដឹកនាំប្រទេស ព្រមទាំងសម្របសម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗឲ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។

គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើស គ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជាប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាននូវប្រក្រតីភាពសង្គម គ្រប់វិស័យ។

ទោះបីស្ថានភាពបទល្មើសមានការកើនឡើង ប៉ុន្តែការបង្ក្រាបមានរហូតដល់ ៩០% នៃបទល្មើស ដែលបានកើតឡើង។ ការងារអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីធានាឲ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញាណ ខាងផ្លូវច្បាប់ពេញលេញ ព្រមទាំងទទួលបាននូវការគោរពសិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។

ការងារអន្តោប្រវេសន៍ ក៏ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងការគ្រប់គ្រងដំណើរចេញចូល ប្រទេស និងការស្នាក់នៅរបស់ជនបរទេស រួមចំណែកធានាបានយ៉ាងគត់មត់នូវអធិបតេយ្យជាតិ ទប់ស្កាត់ការ លួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូល-ស្នាក់នៅខុសច្បាប់របស់ ជនបរទេសអន្តោប្រវេសន្ត ដែលកិច្ចការទាំងនេះ បានឆ្លើយតបជាវិជ្ជមានចំពោះគោលនយោបាយទេសចរណ៍ជាតិ ការវិនិយោគ ពាណិជ្ជកម្ម វិស័យការងារ និងវិស័យផ្សេងៗទៀត។

ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏មានវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសពាក់ព័ន្ធនឹងការរៀបចំកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមកម្រិតថ្នាក់នីមួយៗ កាន់តែមានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការចំគោលដៅ

ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាប័ន្ន និងសមធម៌សង្គម។

ក្រៅពីនេះ ក្រសួងមហាផ្ទៃក៏បានខិតខំប្រឹងប្រែងអនុវត្តសម្រេចបានសមិទ្ធផលជាច្រើនទៀតផងដែរ ដូចជា ការរៀបចំក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រង ពន្ធនាគារ ការធ្វើអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ការចូលរួមអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍ បច្ចេកវិទ្យាឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍវិស័យកីឡា និងការបង្កើតយន្តការទទួល ដោះស្រាយបណ្ដឹងតវ៉ា ព្រមទាំងមតិយោបបល់ សំណើ សំណូមពររបស់ប្រជាពលរដ្ឋជាដើម៕

No comments