ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុកសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភី​នៃយុវជនជំនាន់ថ្មី​របស់កម្ពុជា

ដោយ :kcrtvonline
(ភ្នំពេញ)៖ ប្រធានរដ្ឋសភាម៉ាឡេស៊ី លោក ចូហារី អាប់ឌុល (YB Tan Sri Dato’ (Dr.) Johari bin Abdul) បានចាត់ទុកសម្តេច​មហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាជើងឯកជ័យ​លាភី​នៃយុវជនជំនាន់ថ្មីរបស់កម្ពុជា។​

ប្រធានរដ្ឋសភាម៉ាឡេស៊ី លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនោះលោកប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញ​បំពេញ​ទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី និងគណៈប្រតិភូ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់។

បន្ថែមពីលើនេះ លោកប្រធានរដ្ឋសភា ក៏បានរំលឹកអំពីទស្សនកិច្ចរបស់លោកមក​កាន់កម្ពុជានាពេលកន្លង​មក ដោយលោកបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ជាមួយគ្នានោះ លោក​ប្រធាន​រដ្ឋសភា បានចាត់ទុកសម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា។ ដោយឃើញបែបនេះលោកប្រធានរដ្ឋសភា តែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ី​ឱ្យ​បំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាង​កក់ក្តៅរបស់​ភាគីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅម៉ាឡេស៊ី។ សម្តេចធិបតី បានជម្រាបជូនអំពីលទ្ធផល​នៃកិច្ចជំនួបពិភាក្សាទ្វេភាជាមួយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយភាគីទាំងពីរបាន​ប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ និងការចូលរួមក្នុងវិស័យ​ផ្សេងៗ រួមទាំងការផ្តល់អាហារូបករណ៍ផងដែរ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ​លោកប្រធានរដ្ឋ​សភា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧​ កាលពីខែកក្កដា​ ឆ្នាំ២០២៣ ព្រមទាំងបានជម្រាបជូនពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា​ផងដែរ៕

No comments