ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

សហរដ្ឋអាមេរិក ព្រមានអ៉ីរ៉ង់ពីទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើផ្គត់ផ្គង់មីស៊ីលបាលិស្ទីគឱ្យរុស្ស៉ី

ដោយ :kcrtvonline

 សហរដ្ឋអាមេរិក ព្រមានអ៉ីរ៉ង់ពីទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើផ្គត់ផ្គង់មីស៊ីលបាលិស្ទីគឱ្យរុស្ស៉ី

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ បានព្រមានអ៉ីរ៉ង់ពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើ ទីក្រុងតេហេរ៉ង់ពិតជាបានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគទៅឱ្យរុស្ស៉ីដូចការចុះផ្សាយមែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិកម្មខាងលើរបស់រដ្ឋបាលលោក បៃដិន កើតមានឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអ៉ីរ៉ង់៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍អ៉ីរ៉ង់បានផ្គត់ផ្គង់រុស្ស៉ីនូវមីស៊ីលចំនួន ៤០០គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលស្ទីគ Zolfaghar ហើយដែលមីស៊ីល ប្រភេទនេះត្រូវបានអ្នកជំនាញបញ្ជាក់ថា មានសមត្ថភាពបាញ់បានចម្ងាយពី ៣០០ ដល់៧០០គីឡូម៉ែត្រ។

ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បាននិយាយថាទីក្រុងវ៉ាស៊ីនតោនមិនទាន់បានឃើញព័ត៌មានជាក់លាក់ ដែល អាចបញ្ជាក់បានថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលឱ្យរុស្ស៉ីនៅឡើយទេ។ ប៉ុន្តែ លោកបានព្រមានថាសហរដ្ឋអាមេរិកនឹងលើកយកសំណុំរឿងនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ហើយនឹងអនុវត្តការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងអ៉ីរ៉ង់ ក្រោមកិច្ចសហប្រតិបតិការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូក្នុងតំបន់អឺរ៉ុប ក្នុងករណីរកឃើញថាអ៉ីរ៉ងពិតជាបានផ្ដល់ មីស៊ីលឱ្យរុស្ស៉ីមែននោះ។

គួរបញ្ជាក់ថា បើតាមប្រភពដែល Reuters ទទួលបាន ការដឹកជញ្ជូនមីស៊ីលទៅឱ្យរុស្ស៉ី ធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៤ ខណៈអ៉ីរ៉ង់ក៏បានរងការចោទប្រកាន់ ផងដែរថាបានផ្គត់ផ្គង់យន្ដហោះដ្រូនសម្រាប់រុស្ស៉ីប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន៕

No comments