ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ដោយ :kcrtvonline

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ក្រោមអធិបតីភាព លោកស្រី នួម សោភ័ណ សមាជិកព្រឹទ្ធសភាមណ្ឌលខេត្តបន្ទាយមានជ័យ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណាវី អ៊ុំរាត្រី ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការមកពីមន្ទីរ ស្ថាប័ន កងម្លាំងគ្រប់ប្រភេទជាស្រ្តីជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា ការរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

លោកបន្ថែមថា ក្នុងយុគសម័យឌីជីថលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយ:ការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ ស្រ្តីគឺជាស្នូល។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែបង្កឱកាសឲ្យស្រ្តីមាន ឋាន: និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តជាក់ស្តែង ក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្រ្តីបានទទួលឋាន:តួនាទី នៅតាមក្រសួងស្ថាប័ននានា ដែលបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់ស្រ្តី ក្នុងសកម្មភាពសង្គមតាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់បណ្តាអង្គភាពពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព និងពង្រឺកចំណេះដឹងឲ្យមានជំនាញកាន់តែល្អ ជាពិសេសលើចំណេះដឹងបច្ចេកទេស ឌីជីថល ដែលសម័យបច្ចុប្បន្ននេះ ជំនាញឌីជីថល ជាជំនាញមួយត្រូវបានពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់ ពង្រឹងលើជំនាញនេះជាខ្លាំង និងបានណែនាំឲ្យមានការបណ្តុះបណ្តាលលើជំនាញឌីជីថលជូនដល់ស្ត្រី និងកុមារផងដែរ៕

No comments