ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណ ចំពោះការលះបង់របស់លោកគ្រូ-អ្នកគ្រូ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបន្តអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនថែមទៀត

ដោយ :kcrtvonline

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណនូវការលះបង់របស់លោកគ្រូ-អ្នកគ្រូ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យរីកចម្រើនថែមទៀត ។

ឯកឧត្តម ឃួង ស្រេង ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា វិស័យអប់រំសព្វថ្ងៃត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបាន ដោយបច្ចុប្បន្ននេះ យើងទទួលបានជោគជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែយើងកុំភ្លេចខ្លួន ចំពោះភាពជោគជ័យនេះ ដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំ កាន់តែជោគជ័យថែមទៀត និងធ្វើឲ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមសូមឲ្យលោកគ្រូ អ្នកគ្រូជឿជាក់ មកលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសូម្បីតែអ្នកក្បែរខាងយើង ក៏គេទទួលស្គាល់ពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាយើងដែរ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា សម្រាប់សាលារៀនឯកជន ពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួន បានបែរមកបង្រៀននៅតាមសាលារដ្ឋ ដោយសារតែនៅសាលារដ្ឋ មានប្រាក់បៀវត្សខ្ពស់ និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត។ លោកបន្តថា នៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ មាន អនាម័យ បរិស្ថានល្អ ហើយបង្គន់អនាម័យក៏មានលក្ខណៈល្អប្រសើរផងដែរ។

ឯកឧត្តមក៏បានជំរុញឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួម អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីនេះ យើងបានចងជាគ្រុម តេឡេក្រាមមួយ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា ពោលគឺនៅពេលមានបញ្ហាអ្វីមួយ យើងដោះស្រាយបានភ្លាមៗតែម្ដង។

ឯកឧត្តម ឃួង ស្រេង សូមឲ្យលោកគ្រូ អ្នកគ្រូ បន្តការខិតខំរួមគ្នា ក្នុងការធ្វើយ៉ាងណា មិនឲ្យមានគ្រឿងញៀននៅក្នុងសាលារៀន ខណៈដែលពេលនេះ នៅតាមបណ្ដាសាលានានា ក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀនហើយនោះ។

ឯកឧត្តមក៏សូមឲ្យលោកគ្រូ អ្នកគ្រូ លះបង់បន្ថែមទៀត ទៅតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស បើគ្មានធនធានមនុស្សយើង មិនអាចអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបាននោះទេ។ បច្ចុប្បន្ននេះ ទីផ្សារការងារកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ដែលទាមទារឲ្យយើង ត្រូវមានធនធានមនុស្សខ្លាំងដែរ។

ឯកឧត្តមក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើង១សប្ដាហ៍២ដង ។ ការចូលរួមគោរពទង់ជាតិនេះ អាចឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចរបស់យើង បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាសន្តិសុខជាដើម។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា អង្គសន្និបាតបានធ្វើឡើង ក្នុងរយៈ១ថ្ងៃកន្លះនេះ បានដំណើរការ ពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យ ទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅ ប្រព័ន្ធ អនុវិស័យអប់រំអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើក ទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្ដល់យោបល់៕

No comments