ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសារអបអរសាទរក្នុងឱកាស ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ
នេះបើយោងតាមសារអបអរសាទរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមសម្តែងអំណរសាទរប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង ក្នុងឱកាស «ក្រមាខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង នៃសាធារណរដ្ឋប៉ារ៉ាហ្គាយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលគួរឱ្យស្ញប់ស្ញែងនេះ នឹងដើរតួនាទីជាចលករយ៉ាងសំខាន់រួម ចំណែកផ្សព្វផ្សាយលើកស្ទួយវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រ កម្ពុជា កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការគោរព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានពុះពារនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជាតិមាតុភូមិ ក្រោមមាគ៌ា នយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ជាប្រមុខដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាព ល្អបរិបូរណ៍ សុភមង្គល និងជ័យជម្នះលើគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជោគជ័យថ្មីៗថែមទៀតក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ៕
No comments