ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ www.eyenewskh.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

រដ្ឋមន្ត្រីសុខាភិបាល ស្នើមិត្តចិនជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈការធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI និងជំនួយផ្សេងៗទៀត

ដោយ :kcrtvonline
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lam Chun-wah, Parson នាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកក ។ជំនួបនេះបានធ្វើឡើងនាទីស្តីការក្រសួង។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនលោកនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង ៣ចំណុច និងបានសំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប។

ជាងនេះទៅទៀតលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើមិត្តចិនពិចារណាពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ ដែលមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹកចិត្តបុគ្គលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិសោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ (Telemedicine) និងការអភិវឌ្ឍន៍ Digital Health។

ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានថ្លែងនូវអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលយកប្រសាសន៍របស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។

ទន្ទឹមនឹងនោះលោកនាយកប្រធានប្រតិភូ ក៏បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង ដែលបានបញ្ជាក់ជំហរ ក្នុងការរួមចំណែកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

No comments