ពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា
ថ្លែងនៅក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយកីឡាករទាំងអស់ក្នុងកម្មវិធីប្រកួតនេះ ដែលជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្ត នៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត ហើយក៏ជាប្រវត្តិសាស្រ្តដ៏ជូរចត់ ឈឺចាប់ខ្លោចផ្សា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា មហាវិនាសកម្មនេះ សូមប្អូនៗ ក្មួយៗ កូនចៅ ជំនាន់ក្រោយ ត្រូវតែចង់ចាំ ដើម្បីផ្សព្វផ្សាយបន្ត ដល់មនុស្សជំនាន់ក្រោយទៀត សំដៅធ្វើឱ្យថ្ងៃ ៧ មករាស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់ ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល និងគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំការប្រកួតនេះប្រព្រឹត្តទៅដោយរលូន តាមរយៈការរៀបចំឱ្យមានការប្រកួតនេះហើយដែលធ្វើអោយវិស័យកីឡាក្នុងខេត្តកណ្ដាលមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបង្កើនសមត្ថភាព ខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាថែមទៀត ព្រោះថាការប្រកួតកីឡាគឺមានឈ្នះមានចាញ់វារឿងធម្មតា អ្វីដែលសំខាន់នោះត្រូវពង្រឹងវិន័យ រក្សាសាមគ្គីភាពក្នុងក្រុមអោយបានរឹងមាំ ខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើន និងពូកែថែមទៀតដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលក្រោយទៀត។
ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើឱ្យប្រទេស កម្ពុជាមានសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរាជធានី ទៅបណ្តា ខេត្តនានាទូទាំងប្រទេសធ្វើឱ្យប្រជាជនកម្ពុជាមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នា មានសេរីភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រក្នុងគោលបំណងបន្តអភិវឌ្ឍប្រទេសកម្ពុជាមាន ដូចជាយុទ្ធសាស្ត្រត្រីកោណ,យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ហើយថ្មីៗនេះក្រោមការដឹកនាំរបស់ សម្តេច មហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលបន្តអភិវឌ្ឍ៥ចំណុចសំខាន់គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើត សន្តិភាពគឺពិបាកណាស់ ពុំនោះសោតរាប់ដំណរមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ ហេតុនេះយើងទាំងអស់គ្នាត្រូវ សាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សស្ថិតស្ថេរ។ សរុបសេចក្តីមកស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនខ្មែរក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ក្នុងការប្រកួតនេះ កីឡាបាល់ទាត់មាន ១៦ក្រុម ស្មើនឹង៣២០នាក់ ដែលជាក្រុមកីឡាមកពីបណ្តាក្លឹបនានា ក្នុងខេត្តកណ្តាល ប្រកួតនៅទីលានកីឡដ្ឋានខេត្ត។ ចំពោះកីឡាប៉េតង់ មាន៤០ក្រុម ស្មើនឹង១៦០នាក់ ចែកចេញជា ផ្នែកវ័យចាស់ ៣០ក្រុម, ផ្នែកយុវជន ៦ក្រុម និងផ្នែកនារី ៤ក្រុម ក្នុងនោះមានក្រុមកីឡាមកពីរាជធានីភ្នំពេញចំនួន ៣ក្រុម ប្រកួតនៅទីលានប៉េតង់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងទីលានប៉េតង់ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តតាកែវ
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL2dIQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e57b09bfd7a2e737b05c035c6059c6423140c25a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/1.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL2tIQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--019bce940245bcf0bd02681fb72ab5fd0c88e2c4/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/2.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3NIQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1f3b46ff28a5882c0cba0cb3e3f3664d9c497632/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/3.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL29IQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--486222c3a81ad8f2ea4842a8f27953d1743d36c9/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3dIQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--657d224784a6602d4fafec8ac5698f41fe839c6b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/5.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzRIQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--dd015e7b4a6383716ea90cf79f10153a5c101671/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzBIQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--843a97d5eef47ea9ee55d1ff1ba3baa0758fa986/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/7.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzhIQnc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--4ff16cf0a0c658dbc32b60a2a05ec5524aade11b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8.jpg)
No comments