ស្ត្រីទេីបសម្រាលកូន និងត្រៀមសម្រាល សរុបចំនួន ២៣នាក់ នៅមណ្ឌលសុខភាពព្រៃប្រស់ ខេត្តកំពង់ធំ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ
(កំពង់ធំ)៖ ស្ត្រីទេីបសម្រាលកូនរួច និងត្រៀមសម្រាលសរុបចំនួន ២៣នាក់ នៅមណ្ឌលសុខភាពព្រៃប្រស់ ដែលស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ។
លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពីអត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់, ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាល, ការទទួលទានអាហារូបត្ថម្ភ បន្លែធម្មជាតិ ដេីម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ, កុំបរិភោគផ្អែមពេក-ប្រៃពេក ដែលអាចបង្កជាជំងឺផ្សេងៗ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី», «ការពារប្រសេីរជាងព្យាបាល», «ញាំអាហារជាថ្នាំ កុំញាំថ្នាំជាអាហារ»ជាដេីម។
ទន្ទឹមនឹងនេះលោកស្រីបានលើកទឹកចិត្តដល់មាតាគ្រប់រូប ក្រោយសម្រាលកូនរួច សូមបំបៅកូនដោយទឹកដោះម្តាយ ដេីម្បីកូនមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ, បន្តពិនិត្យសុខភាពក្រោយពេលសម្រាល, ចាក់វ៉ាក់សាំងបង្ការដល់ទារក ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដេីម។
លោកស្រីក៏បានផ្តាំផ្ញេីដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ អាហារូបត្ថម្ភត្រឹមត្រូវ និងថែទាំសុខភាពឱ្យបានល្អ។
ស្ត្រីជាមាតាទាំង ២៣គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដែលបានចុះអប់រំ និងក្រេីនរំលឹកពីសារអប់រំសុខភាព ព្រមទាំងបានផ្តល់អំណោយជួយសម្រាលការលំបាក ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, អង្ករសុខភាព ២គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, កន្សែងពោះគោ ១, សាប៊ូដុសខ្លួន ២ដុំ និងថវិកា ២ម៉ឺនរៀល។
សូមជម្រាបថា ក្នុងរយៈពេល២ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានចុះអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពដល់និស្សិត និងស្ត្រីត្រៀមសម្រាលកូន និងសម្រាលកូនរួច នៅខេត្តចំនួន២ សៀមរាប និងខេត្តកំពង់ធំ៕
No comments